មនុស្សរឹងមាំមិនបណ្តោយបាត់អំណាចរបស់ខ្លួនឡើយ

«នៅពេលណាយើងស្អប់ខ្មាំងសត្រូវ យើងកំពុងតែផ្តល់អំណាចទៅគេ ហើយគេត្រួតត្រាដំណេករបស់យើង គេត្រួតត្រាអាហារយើង គេត្រួតត្រាសម្ពាធឈាមរបស់យើង គេត្រួតត្រាសុខភាពរបស់យើង និងត្រួតត្រាសេចក្តីសុខរបស់យើងទៀតផង។» លោក Dale Carnegie

ការបណ្តោយឱ្យអ្នកដ៏ទៃមានអំណាចគ្រប់គ្រងនូវអ្វីដែលយើងគិត អារម្មណ៍ និងអ្វីដែលយើងធ្វើ នោះយើងនឹងបាត់បង់នូវឱកាសក្លាយ ដែលយើងជាមនុស្សរឹងមាំ ផ្លូវចិត្ត ផ្លូវកាយ បញ្ញា និងស្មារតី។

ហេតុអ្វីយើងផ្តល់អំណាចរបស់យើងទៅឱ្យគេ?

យើងផ្តល់អំណោចរបស់យើងឱ្យទៅគេដោយសារហេតុផលជាច្រើន។ ហេតុផលមួយក្នុងចំណោមនោះគឺព្រោះតែយើងចង់ឱ្យគេយល់ថាយើងគឺជាមនុស្សល្អ មនុស្សដែលគេគួរតែចូលចិត្ត និងព្យាយាមបំពេញចិត្តគេ។​ យើងធ្វើអ្វីៗអាស្រ័យលើទស្សនៈ គំនិតយោបល់ ឆ្លើយតបតាមការយល់ឃើញរបស់អ្នកដទៃ។ យូរៗទៅ យើងបាត់បង់នូវអត្តសញ្ញាណខ្លួនឯងជានរណា។ យើងបាត់បង់គោលដៅខ្លួនឯង។ នៅទីបំផុត យើងបាត់បង់នូវដែនកំណត់របស់ខ្លួនឯង។  ពេលណាយើងបាត់បង់ព្រំដែនខ្លួនឯង យើងប្រឈមមុខបាត់បង់អំណាចផ្ទាល់ខ្លួនឯង។ ពេលនោះហើយ គេត្រួតត្រាលើយើងទាំងស្រុង។

តើការឱ្យអំណាចរបស់យើងទៅគេ ជួបបញ្ហាអ្វីខ្លះ?

ពេលណាយើងប្រគល់អំណាចរបស់យើងឱ្យទៅគេ យើងប្រឈមមុខនឹងបញ្ហាជាច្រើន ដូចជា៖

  • យើងអាស្រ័យទៅលើអ្នកដទៃ គេគ្រប់គ្រង ត្រួតត្រាអារម្មណ៍របស់យើង
  • យើងបណ្តោយឱ្យអ្នកដទៃកំណត់តម្លៃរបស់យើង
  • យើងមិនហ៊ានប្រឈមមុខនឹងបញ្ហាពិតប្រាកដ
  • យើងក្លាយជាជនរងគ្រោះ
  • យើងក្លាយទៅជាមនុស្សដែលភ័យខ្លាចការរិះគន់
  • យើងបាត់បង់គោលដៅផ្ទាល់ខ្លួន
  • យើងបំផ្លាញទំនាក់ទំនងរបស់ខ្លួនឯងជាមួយអ្នកដទៃ

យើងក្លាយជាមនុស្សដែលអាច៖

  • បន្ទោសអ្នកដទៃ
  • បន្ទោសលើកាលៈទេសៈ
  • បន្ទោសលើពេលវេលា
  • បន្ទោសលើស្ថានភាព
  • បន្ទោស និងដាក់កំហុសឱ្យខ្លួនឯងថែមទៀត

តើយើងត្រូវយកអំណាចរបស់យើងមកវិញដោយរបៀបណា?

ប្រសិនបើយើងមិនជឿជាក់លើខ្លួនឯង យើងនឹងបាត់បង់អំណាចទាំងស្រុង។ អ្វីៗគ្រប់យ៉ាងនឹងអាស្រ័យលើអ្នកដទៃទាំងស្រុង។ ប៉ុន្តែប្រសិនបើយើងចាប់ផ្តើមបង្កើតដែនកំណត់ខ្លួនឯង ដោយបង្កើតព្រំដែនដ៏រឹងមាំសម្រាប់ខ្លួនឯង។ នោះមានន័យថា យើងរៀនទទួលយកតម្លៃខ្លួនឯងជានរណា។ យើងផ្តល់ឱកាសឱ្យខ្លួនឯង រៀនសូត្រ ដើម្បីត្រួតត្រា និងគ្រប់គ្រងខ្លួនបានល្អប្រសើរជាងមុន។

វិធីមួយទៀត យើងទាញយកអំណាចរបស់យើងមកវិញ នោះគឺយើងជ្រើសរើសទទួលយកខ្លួនឯងជានរណា។ យើងអត់ឱ្យអនុគ្រោះឱ្យអ្នកដទៃ ដែលធ្លាប់បានធ្វើឱ្យយើងឈឺចាប់ទាំងផ្លូវកាយ និងផ្លូវចិត្តកន្លងមក។ យើងលេងមានអារម្មណ៍ថាខ្លួនឯងជាជនរងគ្រោះទៀតហើយ។ វិធីនេះ គឺជារបៀបដែលយើងរៀនស្គាល់ខ្លួនឯង និងឈ្វេងយល់ពីអត្តសញ្ញាណខ្លួនឯង។ យើងអាចដកខ្លួនដែលចេញពីឥទ្ធិពលនៃកាលៈទេសៈពីខាងក្រៅ។ យើងអាចគ្រប់គ្រងអារម្មណ៍ ការគិត និងទទួលបានថាមពលត្រលប់មកវិញ។ ពេលនោះគឺយើងលេងបន្ទោសអ្នកដទៃទៀតហើយ ព្រមទាំងមិនបណ្តាយឱ្យអ្នកដទៃដើរតួសំខាន់ និងគ្រប់ជីវិតយើងទៀតដែរ។

ត្រូវផ្លាស់ប្តូរភាសាយើង៖

ដើម្បីថែរក្សាអំណាចរបស់យើង ឬ ទាមទារយកអំណាចរបស់យើងមកវិញ យើងត្រូវតែផ្លាស់ប្តូរដែលយើងសំលឹងមើលទៅលើស្ថានភាពរបស់យើង។ ភាសាដែលយើងប្រើប្រាស់ និយាយចេញទៅកាន់អ្នកដទៃ ឬ និយាយទៅកាន់ខ្លួនឯង គឺបង្ហាញថា យើងបោះបង់ ឬប្រគល់អំណាចទៅឱ្យគេ។ ឧទាហរណ៍៖ «មេខ្ញុំធ្វើឱ្យខ្ញុំ មានអារម្មណ៍មិនល្អ»។ បែបនេះមានន័យថា មេរបស់យើងគឺជាអ្នកកំណត់ស្ថានភាពរបស់យើងមែនទេ? តើគាត់ធ្វើឱ្យយើងមិនសប្បាយចិត្ត ឬខឹងមែនទេ?​ បើដូច្នោះមែន មានន័យថា យើងណ្តោយឱ្យមេរបស់យើងមានឥទ្ធិពលមកលើយើង ហើយគេកំពុងតែគ្រប់គ្រងយើងមែនហើយ។

សូមគិតមុននឹងឆ្លើយតប៖

ពេលខ្លះយើងបាត់បង់អំណាចរបស់យើងតាមរយៈរបៀបដែលយើងធ្វើប្រតិកម្មឆ្លើយតបទៅគេវិញដោយមិនដឹងខ្លួន។ វាជារឿងសំខាន់ខ្លាំងណាស់ ដែលយើងត្រូវគិតសិន មុននឹងឆ្លើយតប។ ខាងក្រោមនេះគឺជាវិធីសាស្រ្ត ដែលយើអាចរក្សាភាពស្ងៀមស្ងាត់ និងមិនឆ្លើយតបដោយអវិជ្ជមាន៖

  • ដកដង្ហើមវែងៗ៖ ភាពតានតឹង និងកំហឹងធ្វើប្រតិកម្មលើរាងកាយរបស់យើង។ យើងត្រូវដកដង្ហើមវែងមួយៗ ដើម្បីរក្សាតុល្យភាព ធ្វើឱ្យចង្វាក់បេះដូងយើងរក្សាដំណើរប្រក្រតីភាព។ ពេលដកង្ហើមយឺតៗ សាច់ដុំរបស់យើងនឹងបានធូរស្រាល ភាពតានតឹងត្រូវបានកាត់បន្ថយ អារម្មណ៍របស់យើងធូរស្រាលច្រើន ពេលនោះយើងអាចឆ្លើយតបវិញដោយវិជ្ជមាន។
  • ដកខ្លួនយើងចេញពីស្ថានភាពនោះ៖ ប្រសិនបើយើងកាន់តែមានអារម្មណ៍តានតឹង យើងកាន់តែបាត់បង់ការគិតប្រកបដោយវិចារណញ្ញាណ។ នេះមានន័យថាកំហឹងនឹងកើតមានឡើង។ រៀនស្គាល់ពីកំហឹងខ្លួនគឺជារឿងចាំបាច់បំផុត។ យើងអាចធ្វើបានដោយរបៀបដកខ្លួនយើងចេញពីស្ថានភាពនោះ។ យើងអាចដើរចេញពីកន្លែងនោះ ទៅកន្លែងណាឱ្យឆ្ងាយសិន។
  • ធ្វើការរំខាន់ខ្លួនឯង៖ សូមកុំព្យាយាមដោះស្រាយបញ្ហា ឬ រឿងរ៉ាវជាមួយអ្នកដទៃនៅពេលដែលខ្លួនយើងកំពុងតែមានអារម្មណ៍មិនល្អ ឬមិនសប្បាយចិត្ត។ យើងអាចធ្វើរឿងបានដោយរំខាន់ខ្លួនឯង ជ្រើសរើសធ្វើសកម្មភាពផ្សេងៗ ដូចជា ឈប់និយាយតបត ដើរចញេពីកន្លែងនោះ ធ្វើអ្វីមួយជំនួសវិញជាជាងឆ្លើយតបទាំងកំហឹង។ យើងអាចទាញយកអ្វីមួយមកអាន យកទឹកមកផឹក រួចហើយសញ្ចឹងគិតមួយសន្ទុះសិន។ បន្ទាប់មកនោះអារម្មណ៍យើងនឹងបានធូរស្រាល។ យើងអាចគិត និងឆ្លើយតបបានល្អប្រសើរជាងមុន។

ពិចារណាលើមិត្តយោបល់ ឬព័ត៌មានត្រលប់ដែលគេផ្តល់ឱ្យយើង៖

ពេលណាយើងទទួលនូវមតិយោបល់ ឬព័ត៌មានត្រលប់ពីនរណាម្នាក់ សូមគិត និងពន្យារកឆ្លើយតបវិញភ្លាមៗ។ មិនថាមតិយោបល់នោះជាការរិះគន់ ឬកោតសរសើរនោះទេ ទោះបីជាប៉ះពាល់អារម្មណ៍ប៉ុណ្ណាក៏ដោយ យើងត្រូវតែសួរខ្លួឯងនូវសំណួរដូចតទៅនេះជាមុនសិន៖

  • តើមានភស្តាងដែលបង្ហាញថានេះគឺជាការពិតដែរ ឬទេ?
  • ហេតុអ្វីបានជាមនុស្សផ្តល់មតិយោបល់ ឬព័ត៌មានត្រលប់បែបនេះមកខ្ញុំ?
  • តើខ្ញុំគួរតែផ្លាស់ប្តូរឥរិយាបថ ឬការប្រព្រឹត្តរបស់ខ្ញុំដែរ ឬទេ?

សូមចងចាំថា ទស្សនៈយោបល់មនុស្សម្នាក់មកលើរូបអ្នក វាមិនប្រាកដថាវាគឺជាការពិតនោះទេ។ យើងអាចជ្រើសរើសទទួលយក ឬបដិសេធគំនិតយោបល់នោះរួចហើយ បន្តដំណើរទៅមុខទៀត។​ យើងមិនចាំបាច់ចំណាយពេលវេលា និងកម្លាំងថាមពលកាយចិត្ត តតាំងប្រយុទ្ធនឹងអ្នកដទៃនោះទេ។

ស្គាល់ ឬដឹងពីជម្រើសរបស់ខ្លួនឯង៖

យើងមានរឿងរ៉ាវជាច្រើនត្រូវធ្វើនៅក្នុងជីវិត ប៉ុន្តែជាញឹកញាប់យើងហាក់ដូចជាប្រាប់ខ្លួនថាគ្មានជម្រើសធ្វើអ្វីបានទៅវិញ។ យើងអាចនឹងនិយាយថា «ខ្ញុំនឹងធ្វើវានៅថ្ងៃស្អែក»។ ប៉ុន្តែ សូមចងចាំថា យើងមានជម្រើស ទោះបីយើងធ្វើ ឬ​មិនធ្វើវា យើងទទួលលទ្ធផលបែបណាមួយជាមិនខាន។ ដូច្នេះ សាមញ្ញបំផុត យើងមានជម្រើសរើសធ្វើអ្វីមួយ ទោះបីជាយើងស្ថិតនៅក្នុងកាលៈទេសៈបែបណាក៏ដោយ។

ទាញយកអំណាចរបស់យើងត្រលប់មកវិញ នឹងធ្វើឱ្យយើងក្លាយជាមនុស្សរឹងមាំ

យើងមិនចាំបាច់មានឈ្មោះថាមនុស្សខ្លាំង ដែលមានអំណាចឥទ្ធិពលនោះទេ។ ប៉ុន្តែយើងមិនចាំបាច់បោះអំណាច ឬអ្វីដែលយើងមានក្នុងខ្លួនរបស់យើងទៅឱ្យអ្នកដទៃនោះដែរ។​​ យើងមានអំណាចគ្រប់គ្រាន់នាពេលឥឡូវនេះ។ ខ្លួនយើងមិនអាស្រ័យលើអ្នកដទៃ យើងមិនអាស្រ័យលើអតីតកាល ហើយក៏មិនភ័យបារម្ភចំពោះអនាគតកាលដែរ។ យើងអាចទាញយកអំណាចរបស់យើងមកវិញតាមរយៈដូចតទៅនេះ៖

  • យើងបង្កើតអ្វីមួយ ដោយជម្រើសរើសណាមួយដ៏ល្អបំផុត ដែលយើងមាន និងអាចធ្វើបាន
  • យើងទទួលខុសត្រូវនូវអ្វីដែលយើងធ្វើ យើងទទួលបាន និងសម្រេចគោលដៅដែលយើងប្រាថ្នា
  • យើងមិនទទួលរងនូវសម្ពាធនូវអ្វីចំពោះអ្វីដែលយើងមិនចង់ធ្វើនោះទេ
  • យើងអាចផ្តោតពេលវេលា កម្លាំងថាមពលលើអ្វីដែលយើងជ្រើសរើស និងធ្វើវាឱ្យបានល្អបំផុត
  • យើងអាចរក្សាបាននូវអំណាចរបស់យើង និងកាត់បន្ថយភាពប្រថុយប្រថាន ឬប្រឈមផ្សេងៗ

តាមការស្រាវជ្រាវបង្ហាញថា ពេលណាយើងអត់ឱនឱ្យអ្នកដទៃ ខ្លួនយើងនឹងទទួលបាននូវអត្ថប្រយោជន៍ជាច្រើន ដូចជា៖

  • អត់ឱនឱ្យអ្នកដទៃ គឺកាត់បន្ថយភាពតានតឹងចំពោះខ្លួនឯង
  • អត់ឱនឱ្យអ្នកដទៃ គឺបង្កើនថាមពល និងកាត់បន្ថយភាពឈឺចាប់
  • អត់ឱនឱ្យអ្នកដទៃ គឺជាការដោះលែងដោយឥតដែនកំណត់ ធ្វើឱ្យយើងរស់នៅអាយុវែង

ដូច្នេះ​ សូមកុំរងចាំដល់អ្នកដទៃប្រគល់អំណាចមកដល់យើងវិញ និងរងចាំគេមកសុំទោសយើង ឬស្តីបន្ទោសគេ ផ្ទុយទៅវិញយើងគួរអត់ឱនឱ្យគេ និងអរគុណគេដែលបានធ្វើទង្វើនោះមកលើយើង។ រួចហើយជ្រើសរើសធ្វើអ្វីដែលយើងគិត និងយល់ថាត្រឹមត្រូវ​ ដើម្បីរក្សាបានដែនអំណាចរបស់យើងមកវិញ។

សង្ខេបជំពូកទី២ ដែលដកស្រង់ចេញពីសៀភៅស្តីពី«១៣ចំណុចដែលមនុស្សរឹងមាំមិនធ្វើ» របស់អ្នកនិពន្ធ AMY Morin អ្នកជំនាញផ្នែគ្លិនិកសង្គម និងជាអ្នកព្យាបាលឯកទេសចិត្តសាស្រ្ត។


2 thoughts on “មនុស្សរឹងមាំមិនបណ្តោយបាត់អំណាចរបស់ខ្លួនឡើយ

Leave a Reply