ការភ្ញាក់ផ្អើលអំពីព័ត៌មានលោក Jack Ma ស្ថាបនិកក្រុមហ៊ុន Alibaba ដែលប្រកបអាជីវកម្មអេឡិចអនឡាញដ៏ល្បី នៅទឹកដីអង្គរខេត្តសៀមរាប កាលពីរសៀលថ្ងៃទី១២ ខែមិនា ឆ្នាំ២០១៩។ រូបថតជាច្រើនសន្លឹករបស់គាត់ ដែលកំពុងដើរទស្សនានៅតាមប្រាសាទបុរាណខ្មែរ បានត្រូវគេបង្ហោះ ចែកចាយតៗ នៅលើបណ្តាញសង្គម ដូចជា Facebook Linkedin Instagram និងប្រព័ន្ធផ្សេងៗ។

ជាមួយគ្នានោះដែរ គេឃើញមានបណ្តាញសារព័ត៌មានអនឡាញក្នុងស្រុកមួយចំនួន ក៏បានដកស្រង់យកមកធ្វើការចុះផ្សាយព្រងព្រាតផងដែរ។ បើតាមសង្កេត ទាំងគណេន្យបុគ្គល ទាំងទំព័រហ្វេសប៊ុកធំៗ និងអង្គភាពសារព័ត៌មាន ហាក់ដូចជាសម្តែង នូវការភ្ញាក់ផ្អើលយ៉ាងខ្លាំងចំពោះវត្តមានរបស់ស្ថាបនិកក្រុមហ៊ុន Alibaba រូបនេះ ដោយសារតែភាពសាមញ្ញ ស្ងៀមស្ងាត់ៗ និងអាថ៌កំបាំង។ ម្នាក់ៗបានចាប់យកជ្រុងផ្សេងៗគ្នា មកសរសេរ ចុះផ្សាយនៅលើទំព័ររបស់ខ្លួន។

អ្នកខ្លះផ្តើមចេញពីទស្សនៈ ពាក្យស្លោក សម្រង់សម្តីរបស់លោក Jack Ma រួចហើយចុងបញ្ចប់នៅត្រង់ព័ត៌មានស្តីពីវត្តមានរបស់គាត់ដែលកំពុងស្ថិតនៅលើទឹកដ៏អង្គដ៏បវររបស់យើងនេះ។ អ្នកខ្លះបានឆ្លៀតបន្ថែមទស្សនៈយោបល់បន្ថែម និងទាញសម្រង់ទស្សនៈខ្លះរបស់ក្នុងអំឡុងពេលទស្សនាប្រាង្គប្រាសាទខ្មែរ។

បើតាមការសង្កេត រាល់ចំណាប់អារម្មណ៍ជាទូទៅ របស់បណ្តាអ្នកលេងបណ្តាញសង្គមទាំងអស់ បានលើកឡើងថា វត្តមានរបស់លោកគ្រាន់តែជាដំណើរកំសាន្តផ្ទាល់ខ្លួនប៉ុណ្ណោះ។ វាមិនជាប់ទាក់ទងនឹងការធ្វើជំនួញ ឬ វិនិយោគទុនអ្វីនៅប្រទេសកម្ពុជាឡើយ។

ជាមួយគ្នានេះដែរ ក៏មិនឃើញមាន អ្នកតំណាងពីស្ថាប័នរដ្ឋ ឯកជនណាមួយ បានបញ្ចេញមតិ ធ្វើអត្ថធិប្បាយ ឬ ប្រតិកម្មអ្វី ជុំវិញវត្តមានជាលើកដំបូង របស់លោក Jack Ma នៅលើទឹកដីកម្ពុជានេះទេ។

និយាយជារួម ភាពភ្ញាក់ផ្អើលនេះ កើតឡើងដោយសារតែលោក Jackma គឺជាបុគ្គលកំពុងតែមានកេរិ៍្តល្បីជោគជ័យនៅលើពិភពជំនួញបច្ចុប្បន្នតែប៉ុណ្ណោះ។